កាលបរិច្ឆេទ: ១១ វិច្ឆិកា ២០២៤ / សុខភាព / Author : ATH Sokren
ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៦ តុលា ឆ្នាំ២០២៤ សមាជជាតិនៃសមាគមគ្រូពេទ្យកុមារសេណេហ្គាល់ (SOSEPED) លើកទី១០ ត្រូវបានរៀបចំឡើងស្របពេលជាមួយគ្នានឹងសមាជលើកទី១ នៃសមាគមគ្រូពេទ្យកុមារនិយាយភាសាបារាំង (APLF) នៅប្រទេសសេណេហ្គាល់ (ភាគខាងត្បូងសាហារ៉ា)។ ព្រឹត្តិការណ៍នេះមានការចូលរួមពីសំណាក់គ្រូពេទ្យផ្នែកកុមារជាច្រើនមកពីបណ្តាប្រទេសនានានៃទ្វីបអាហ្រ្វិក អឺរ៉ុប និងអាស៊ី ដែលនិយាយភាសាបារាំង ព្រមទាំងអង្គការក្រៅរដ្ឋាភិបាលដូចជាអង្គការ UNICEF អង្គការ WCARO អង្គការគ្រូពេទ្យគ្មានព្រំដែន MSF សាកលវិទ្យាល័យទីក្រុងឡុងដ៍ LSHTM កម្មវិធីជាតិប្រយុទ្ធប្រឆាំងនឹងជំងឺគ្រុនចាញ់ PNLP និងអង្គការ DSME ជាដើម។
នេះគឺជាឱកាសមួយសម្រាប់គ្រូពេទ្យជំនាញមកពីតំបន់ផ្សេងៗផ្តោះប្តូរចំណេះដឹង និងបទពិសោធន៍គ្នាទៅវិញទៅមកជុំវិញប្រធានបទប្រមាណជាង៣០ទាក់ទងនឹងកុមារដូចជា ការសង្រ្គោះទារកទើបនឹងកើត ការសិក្សាពីក្រលៀន ការសិក្សាពីប្រព័ន្ធអង់ដូគ្រីន ការសិក្សាពីជំងឺមហារីក ការសិក្សាពីជំងឺឆ្លង អាហារូបត្ថម្ភ ការសិក្សាពីវ៉ាក់សាំង ការសិក្សាពីជំងឺផ្លូវដង្ហើម ការសិក្សាពីជំងឺអាលែកហ្ស៊ី សុខភាពទារកទើបនឹងកើត ការសិក្សាពីជំងឺបេះដូង ការវះកាត់កុមារ ការសិក្សាពីប្រព័ន្ធភាពស៊ាំ និងការសិក្សាពីប្រព័ន្ធប្រសាទរបស់កុមារ ។ល។ និង។ល។
សហគ្រាសប៉េប៉េអឹមក៏មានវត្តមាននៅក្នុងព្រឹត្តិការណ៍នោះដែរជាមួយនឹងការបោះស្តង់ពិព័រណ៍ផលិតផលរបស់ខ្លួន។ អ្នកចូលរួមប្រមាណជាង១០០នាក់បានចូលទស្សនាស្តង់របស់សហគ្រាសប៉េប៉េអឹម និងបានបង្ហាញពីចំណុចវិជ្ជមាន និងបានផ្តល់យោបល់បែបស្ថាបនាទាក់ទិននឹងបទពិសោធ៍នរបស់ពួកគេជាមួយផលិតផលរបស់យើង។ ថ្នាំវីតាមីន APPETINE ថ្នាំ RHINEX ថ្នាំ ALLERGYL ថ្នាំក្អក CARBOTOUX និងថ្នាំ PANOL គឺជាឱសថឈានមុខគេនៅស្តង់របស់សហគ្រាស។ ចំណែកឯផលិតផលខេមប្រូប៊ីយ៉ូទិកវិញទទួលបានចំណាប់អារម្មណ៍ជាច្រើន ជំរុញឱ្យមានការជជែកគ្នាជុំវិញប្រធានបទផលិតផលប្រូប៊ីយ៉ូទិកធម្មជាតិ។
ប្រទេសជាដៃគូមួយចំនួនដូចជាប្រទេសនៅទ្វីបអាហ្រ្វិកកណ្តាល និងនៅតំបន់ Maghreb (អាហ្រ្វិកខាងជើង) បានជំរុញឱ្យយើងផ្សព្វផ្សាយផលិតផលមួយចំនួនរបស់យើងនៅប្រទេសរបស់ពួកគេ ព្រោះថាផលិតផលទាំងនោះគួរឱ្យទាក់ទាញសម្រាប់ប្រជាពលរដ្ឋរបស់ពួកគេ។
ការចូលរួមជាលើកទីមួយរបស់សហគ្រាសផលិតឱសថប៉េប៉េអឹមក្នុងព្រឹត្តិការណ៍ទាំងពីរនេះ (SOSEPED/APLF) បានធ្វើឱ្យសហគ្រាសក្លាយជាដៃគូមួយក្នុងចំណោមដៃគូឈានមុខគេរបស់គ្រូពេទ្យកុមារនៅបណ្តាប្រទេសអាហ្រ្វិកស្បែកភាសាបារាំង។ កម្មវិធីបិទវគ្គគឺជាឱកាសដ៏ល្អសម្រាប់តួអង្គសំខាន់ៗទាំងអស់ផ្តល់ការណាត់ជួបជាមួយសហគ្រាសផលិតឱសថប៉េប៉េអឹមនៅឆ្នាំ២០២៥ ក្នុងសមាជលើកក្រោយដែលនឹងប្រព្រឹត្តទៅនៅប្រទេសម៉ូរីតានី៕